>NEWS ALERT: យោងតាមការបង្ហាញរបស់ Google ផ្សព្វផ្សាយនៅថ្ងៃសុក្រទី១ខែមីនា២០១៣នេះ ផ្ទៃដីប្រទេសកម្ពុជាបច្ចុប្បន្ននៅមានទំហំតែ ១៨១ពាន់ គីឡូម៉ែត្រការ៉េ តែប៉ុណ្ណោះ ដែលពីមុនមានទំហំ ១៨១ពាន់០៣៥គីឡូម៉ែត្រការ៉េ ។ចំណែកប្រទេសវៀតណាមវិញ Google បង្ហាញ ថាបច្ចុប្បន្នមានផ្ទៃរហូតដល់ ៣៣១ពាន់​៧០០​គីឡូ ម៉ែត្រ​ការ៉េ ដែលពីមុនមានតែ ៣៣១ពាន់២១០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ពោលគឺបានកើនឡើងជិត​៥រយគីឡូម៉ែត្រការ៉េ។>The Khmer Government has issued a new circular ( by the Ministry of Posts and Telecommunications on Nov.12.2012) ordering the closure of all Internet cafes within 500 meter radius of schools…>Cambodia signed Asean Human Rights Declaration on Nov.18. 2012. This Asean Declaration could “weaken and erode” the UN Universal Declaration of Human Rights >

mercredi 4 février 2015

តើ​កម្ពុជា​អាច​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ឬ​ទេ?

តើ​កម្ពុជា​អាច​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ឬ​ទេ?




ក្នុង​រយៈកាល​ជាង ២​ទសវត្សរ៍​កន្លង​មក​នេះ វប្បធម៌​និទ្ទណ្ឌភាព​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សង្គម​កម្ពុជា។ ជន​ប្រព្រឹត្ត​ល្មើស​ច្បាប់​មួយ​ចំនួន​តែង​ទទួល​បាន​ការ​ការពារ​ពី​អ្នក​មាន ​អំណាច នាំ​ឲ្យ​គេច​ផុត​ពី​សំណាញ​ច្បាប់។ រី​ឯ​ជន​រង​គ្រោះ​នៃ​អំពើ​និទ្ទណ្ឌភាព ក្រៅ​តែ​ពី​ជន​សាមញ្ញ​ដែល​គ្មាន​ឈ្មោះ​បោះ​សំឡេង ក៏​មាន​អ្នក​នយោបាយ អ្នក​សារព័ត៌មាន តារាភាពយន្ត តារា​ចម្រៀង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ការពារ​ព្រៃ​ឈើ​ជាដើម ដែល​ត្រូវ​បាន​ធ្វើ​ឃាត តុលាការ​មិន​អាច​រក​យុត្តិធម៌​ជូន​ពួក​គេ​បាន។
លោក ជី វិតា មាន​បទវិភាគ​មួយ​ផ្តោត​ទៅ​លើ​សំណួរ​ថា តើ​កម្ពុជា​អាច​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​បាន​ឬ​ទេ?
«និទណ្ឌភាព» ដែល​ភាសា​អង់គ្លេស​ហៅ​ថា «IMPUNITY» មាន​ន័យ​ថា «ការ​មិន​អាច​នាំ​ខ្លួន​ជនល្មើស​ច្បាប់ ឬ​ជន​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស​មក​ជំនុំជម្រះ ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ដោយសារ​តែ​ជន​ល្មើស​មាន​អ្នក​មាន​ ឥទ្ធិពល ឬ​មាន​ច្បាប់​ការពារ​ពី​ក្រោយ។



និទ្ទណ្ឌភាព​ដែល​កំពុង​ញាំញី​ក្នុង​សង្គម​កម្ពុជា បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជន​រង​គ្រោះ​ទទួល​អារម្មណ៍​ថា ពួកគេ​កំពុង​រស់​នៅ​ក្នុង​សង្គម​មួយ​ដែល​មាន​ការ​បែង​ចែក​វណ្ណៈ ពោល​គឺ​ច្បាប់​ត្រូវ​បាន​អនុវត្ត និង​ដាក់​ទោស​ទណ្ឌ​តែ​លើ​អ្នក​តូចតាច អ្នក​គ្មាន​អំណាច និង​ជន​ក្រីក្រ។ អារម្មណ៍​បែប​នេះ​អាច​នាំ​ឲ្យ​សង្គម​បាត់​បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។ ដូច​នេះ​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​នាំ​គ្នា​ចេញ​សំដែង​មតិ​តវ៉ា​តាម​ផ្លូវ​ ថ្នល់ ជំនួស​ការ​ទៅ​រក​យុត្តិធម៌​នៅ​តុលាការ ឬ​ទៅ​តុលាការ​ផង តវ៉ា​ក្រៅ​តុលាការ​ផង។ ប្រសិន​បើ​ការ​សំដែង​មតិ​ដោយ​សន្តិវិធី​បែប​នេះ នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ទៀត អំពើ​ហិង្សា​ដើម្បី​រក​ដំណោះស្រាយ​អាច​កើត​មាន។
យោង​តាម​បរិបទ ឬ​ស្ថានភាព​នយោបាយ​កម្ពុជា បច្ចុប្បន្ន​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​ងាយ​លុប​បំបាត់​បាន​ទេ ហើយ​ហេតុផល​គឺ​ងាយ​យល់​ទេ។ ដើម្បី​អាច​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ ​តុលាការ​មួយ​ដែល​រឹង​មាំ ឯករាជ្យ និង​ដាច់​ខាត​មិន​ចំណុះ​ក្រោម​ឥទ្ធិពល​នយោបាយ​ណា​មួយ​ឡើយ។
តើ​តុលាការ​កម្ពុជា មាន​គុណភាព​បែប​នេះ​ឬ​ទេ?
របាយការណ៍​នានា រួម​ទាំង​របស់​អង្គការ​សហប្រជាជាតិ​ផង​បញ្ជាក់​ថា តុលាការ​កម្ពុជា មិន​ត្រឹម​តែ​ពុករលួយ​ទេ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​គំនាប​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែល​ជា​ ឧបសគ្គ​រារាំង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​លំអៀង។
ជាក់ស្ដែង​ថ្នាក់ដឹកនាំ​តុលាការ ចាប់​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ឧទាហរណ៍៖ លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល គឺ​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​សមាជិក​គណៈ​ប្រចាំការ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​ គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​លោក ជីវ កេង ដែល​កាន់​មុខ​តំណែង​បួន​ប្រាំ​នោះ ជា​ប្រធាន​សាលាដំបូង​រាជធានី​ផង និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ផង។ បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ ព្រម​ទាំង​គណបក្ស​ប្រឆាំង​ផង តែង​រិះគន់​ថា តុលាការ​កម្ពុជា មិន​មែន​ជា​តុលាការ​របស់​មហាជន​ទេ ប៉ុន្តែ​ជា​តុលាការ​របស់​គណបក្ស​កាន់​អំណាច។
មាន​ករណី​ជាក់ស្ដែង​ជា​ច្រើន​ដែល​សាធារណជន​មើល​ឃើញ​ថា តុលាការ​លំអៀង​ទៅ​មន្ត្រី ឬ​អ្នក​មាន​អំណាច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំ​រឿង​ឧក្រិដ្ឋ​ខ្លះ បើ​ជនសង្ស័យ​ជា​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា តុលាការ​មិន​អើ​ពើ​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ។ សំណុំ​រឿង​ខ្លះ​តុលាការ​ដាក់​បទ​ចោទ​ប្រកាន់​ស្រាល ដែល​មិន​ស៊ី​សង្វាក់​ទៅ​នឹង​ទម្ងន់​នៃ​បទល្មើស ហើយ​ចេញ​សាលក្រម​ដាក់​ទោស​ក្នុង​ស្ថាន​សម្រាល ឬ​ព្យួរ​ទោស​ជាដើម ប្រសិន​បើ​ជន​ជាប់​ចោទ​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា។ សំណុំ​រឿង​ខ្លះ​ទៀត តុលាការ​បើក​សវនាការ​កាត់​ទោស​យ៉ាង​ប្រញាប់ប្រញាល់ ប្រើ​រយៈពេល​យ៉ាង​ខ្លី ប៉ុន្តែ​កាត់​ទោស​ឲ្យ​ជាប់​គុក​រាប់​សិប​ឆ្នាំ ហើយ​ពេល​ខ្លះ សូម្បី​តែ​ថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ឈប់​សម្រាក ក៏​តុលាការ​បើក​សវនាការ​ដែរ បើ​ជនសង្ស័យ​ជា​អ្នក​រិះគន់​រដ្ឋាភិបាល។
ឧទារហណ៍៖ សំណុំ​រឿង​ឧក្រិដ្ឋ​របស់​អតីត​ចៅហ្វាយ​ក្រុង​បាវិត គឺ​លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិនី​រោងចក្រ​កាត់​ដេរ ៣​នាក់​ឲ្យ​រង​របួស។ បើ​ទោះ​ជា​មាន​សាក្សី និង​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ឈូក បណ្ឌិត ជា​ជន​ដៃ​ដល់​ក៏ដោយ ក៏​សាលាដំបូង​ខេត្ត​ស្វាយរៀង ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង ហើយ​បើ​ទោះ​ជា​សាលាឧទ្ធរណ៍​បង្គាប់​ឲ្យ​សាលាដំបូង​ខេត្ត​ស្វាយរៀង សើរើ​រឿង​ក្ដី​នេះ​ឡើង​វិញ​ក៏ដោយ ក៏​រហូត​មក​ដល់​ម៉ោង​នេះ ជន​ជាប់​ចោទ ឈូក បណ្ឌិត ដែល​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​បាញ់​ផង​នោះ មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ឡើយ។ នេះ​ក៏​ដោយសារ​តែ​លោក ឈូក បណ្ឌិត ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​មន្ត្រី​ថ្នាក់​កំពូល​នៃ​រាជរដ្ឋាភិបាល​ការពារ​ពី​ក្រោយ​ខ្នង។ នេះ​ហើយ​ជា​និទ្ទណ្ឌភាព។
ករណី​ជាក់ស្ដែង​នៃ​វប្បធម៌​និទ្ទណ្ឌភាព​ដែល​តុលាការ​លំអៀង​ទៅ​រក​ជន​ ល្មើស​មួយ​ទៀត គឺ​សំណុំ​រឿង​ឧក្រិដ្ឋ​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា តារា​ចម្រៀង​ខារ៉ាអូខេ កាល​ពី​ឆ្នាំ​១៩៩៩។ ជនល្មើស​ឈ្មោះ ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​បក្ស​ពួក បាន​ចាក់​ស្រោច​ទឹក​អាស៊ីដ​បំផ្លាញ​សម្រស់​មុខ​មាត់ និង​រាង​កាយ​របស់​កញ្ញា តាត ម៉ារីណា ដែល​កាល​ណោះ​មាន​វ័យ ១៦​ឆ្នាំ បណ្ដាល​ឲ្យ​នាង​រស់​ទាំង​ត្រដរ ស្ទើរ​ក្លាយ​មិន​មែន​ជា​មនុស្ស។ បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ចំហ គេ​ឯង​ដឹង​ឮ​គ្រប់ៗ​គ្នា​ក៏ដោយ ក៏​តុលាការ​មិន​ហ៊ាន​ប៉ះពាល់​ដល់​ជនល្មើស​ឡើយ។ មួយ​ឆ្នាំ​ក្រោយ​មក តុលាការ​ក្រុង​ភ្នំពេញ ស្ងាត់ៗ​បាន​ចេញ​សាលក្រម​កំបាំង​មុខ​សម្រេច​ព្យួរ​ទោស​ជនល្មើស ឃួន សុផល។ នេះ​មាន​ន័យ​ថា បើ​ទោះ​ជា​តុលាការ​បាន​រក​ឃើញ​ថា អ្នកស្រី ឃួន សុផល បាន​ប្រព្រឹត្ត​បទល្មើស​ពិត​មែន ប៉ុន្តែ​ក៏​មិន​បាន​សម្រេច​ដាក់​ទោស​ទណ្ឌ​ដែរ សូម្បី​តែ​មួយ​ថ្ងៃ​នៅ​ក្នុង​គុក។ នេះ​ហើយ​ជា​វប្បធម៌​និទ្ទណ្ឌភាព។
សំណុំ​រឿង​ក្ដី​នៃ​ឥទ្ធិពល​អ្នក​ធំ​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​មួយ​ទៀត គឺ​ករណី​ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ នឹម សុភា។ កាល​ពី​ខែ​តុលា ឆ្នាំ​២០០៣ នគរបាល​បាន​ចាប់​ខ្លួន​លោក នឹម សុភា ជាប់​សង្ស័យ​ពី​បទ​បាញ់​សម្លាប់​មនុស្ស ២​នាក់ និង​របួស ៤​នាក់ បន្ទាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ បើ​ទោះ​ជា​មាន​សាក្សី និង​នគរបាល​បញ្ជាក់​ថា លោក នឹម សុភា ជា​អ្នក​លើក​កាំភ្លើង​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ចោមរោម​មើល​លោក និង​គូកន ដែល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ក៏​តុលាការ​ក្រុង​ភ្នំពេញ នៅ​ខែ​មីនា ឆ្នាំ​២០០៤ បើក​សវនាការ​ស្ងាត់ៗ ចោទ​ត្រឹម​បទ​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដោយ​អចេតនា និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ។ ប៉ុន្តែ ៥​ខែ​ក្រោយ​មក រឿង​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល និង​ស្មាន​មិន​ដល់​មួយ​ទៀត​នោះ គឺ​សាលាឧទ្ធរណ៍​ប្រកាស​ថា អ្នក​ដែល​បាន​បាញ់​នៅ​ពេល​នោះ មិន​មែន នឹម សុភា ទេ តែ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ឈ្មោះ សំ ឌឿន ហើយ​បាន​កាត់​ទោស​កំបាំង​មុខ​ឲ្យ សំ ឌឿន ជាប់​ពន្ធនាគារ ១០​ឆ្នាំ។ ចំណែក នឹម សុភា ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​រួច​ទោស​ទាំង​ស្រុង។ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ គ្មាន​នរណា​ដឹង​ថា ឈ្មោះ សំ ឌឿន ជា​នរណា និង​នៅ​ទី​ណា​ទេ? ប្រការ​នេះ​នាំ​ឲ្យ​គេ​ឯង​សង្ស័យ​ថា សំ ឌឿន មួយ​នេះ ទំនង​ជា​មិន​មាន​នៅ​លើ​លោក​នេះ​ផង។
វប្បធម៌​និទ្ទណ្ឌភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត គឺ​ការ​គប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​បាតុករ​អហិង្សា​រាប់​រយ​នាក់​ដែល​កំពុង​ ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​អគារ​រដ្ឋ​សភា​ចាស់ កាល​ពី​ឆ្នាំ​១៩៩៧ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​តិច ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ សំណុំ​រឿង​ឧក្រិដ្ឋ​ដ៏​ធំ​ផ្អើល​ពិភពលោក​មួយ​នេះ រហូត​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ជាង ១៦​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឬ​តុលាការ នៅ​តែ​មិន​អាច​វែក​មុខ​ឃាតក និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បាន​ទៀត។
ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ តែង​តែ​ឆ្លើយ​ប្រាប់​អ្នក​កាសែត​ដដែលៗ​ថា សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​ទេ។ ចំណែក​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​វិញ​ឆ្លើយ​តប​ថា គេ​ជឿ​ថា​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បិទ​បញ្ចប់​មែន ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ ហើយ​ក៏​គ្មាន​បំណង​ស៊ើប​អង្កេត​ដែរ ទើប ១៦​ឆ្នាំ​កន្លង​មក​នេះ គ្មាន​លទ្ធផល​អ្វី​ទាំង​អស់។ លើស​ពី​នេះ​ទៀត មូលហេតុ​សំខាន់​ដែល​មិន​ហ៊ាន​បើក​ការ​ស៊ើប​អង្កេត​នោះ ទំនង​ជា​មក​ពី​ជនសង្ស័យ​ដែល​នៅ​ពី​ក្រោយ​ខ្នង​ការ​គប់​គ្រាប់បែក​ពេល​នោះ គឺ​ជា​មនុស្ស​ជំនិត​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
របាយការណ៍​របស់​ភ្នាក់ងារ​ស៊ើប​ការណ៍​អាមេរិក អេហ្វ.ប៊ី.អាយ (FBI) និង​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ដឹង​ថា អនុ​ប្រធាន​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង គឺ​ជា​អ្នក​រៀបចំ និង​បញ្ជា​ឲ្យ​មាន​ការ​គប់​គ្រាប់​បែក​នៅ​ពេល​នោះ។ ប៉ុន្តែ​រយៈកាល ១៦​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ លោក ហ៊ីង ប៊ុនហៀង មិន​ត្រឹមតែ​មិន​ជាប់​ឈ្មោះ​ជា​ជន​សង្ស័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​បាន​ដំឡើង​ឋានន្តរសក្ដិ​ជា​ឧត្ដមសេនីយ៍​ឯក និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ ថែម​ទៀត​ផង។
វប្បធម៌​និទ្ទណ្ឌភាព​នៅ​មាន​ច្រើន​ទៀត។ គិត​ត្រឹម​តែ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​ជន​រងគ្រោះ​ច្រើន​ណាស់​ដែល​ត្រូវ​បាន​សម្លាប់ ឬ​ក្លាយ​ជា​ជន​ពិការ ហើយ​ជនល្មើស​មិន​ត្រូវ​បាន​វែក​មុខ។ ដោយ​ត្រួសៗ ជន​រងគ្រោះ​ទាំង​នោះ រួម​មាន អតីត​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រដ្ឋសាឌី តារាភាយន្ត ពិសិដ្ឋ ពីលិកា ម្ដាយ​តារា​ចម្រៀង ទូច ស្រីនិច មេដឹកនាំ​សហជីព លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉ា លោក ហ៊ី វុទ្ធី ព្រះសង្ឃ សំ ប៊ុនធឿន សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស​ជា​ច្រើន​នាក់ ព្រម​ទាំង​ទាហាន និង​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជិត ១០០​នាក់ ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧។
ចំណែក​ឃាតកម្ម និង​និទ្ទណ្ឌភាព​មក​លើ​អ្នក​សារព័ត៌មាន​វិញ ក៏​មិន​ណយ​ដែរ។ គិត​ចាប់​ពី​ឆ្នាំ​១៩៩៤ រហូត​មក​ដល់​បច្ចុប្បន្ន អ្នក​សារព័ត៌មាន​ចំនួន ១០​នាក់​ហើយ ត្រូវ​បាន​ធ្វើ​ឃាត បន្ទាប់​ពី​ផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល ឬ​រាយការណ៍​អំពើ​ពុករលួយ​របស់​មន្ត្រី​អ្នក​មាន​អំណាច។ ជន​រង​គ្រោះ​ទាំង ១០​នាក់​នោះ មាន៖ លោក នន់ ចាន់ និពន្ធ​នាយក​កាសែត «សំឡេង​យុវជន​ខ្មែរ» លោក ឆោម មង្គល កាសែត «អន្តរាគមន៍» លោក ចាន់ ដារា កាសែត «កោះ​សន្តិភាព» លោក ធុន ប៊ុនលី កាសែត «ឧត្ដម​គតិ​ខ្មែរ» លោក ចិត្តដួង ដារាវុធ កាសែត «អ្នក​ប្រយុទ្ធ» លោក មៃឃល សេន័រ (Michael Senior) កាសែត ហ្វ្រីលេន (Freelance) លោក ជួ ជេដ្ឋារិទ្ធ វិទ្យុ «តាព្រហ្ម» លោក ឃឹម សំបូរ កាសែត «មនសិការ​ខ្មែរ» ហើយ​អ្នក​កាសែត​ដែល​ត្រូវ​គេ​ធ្វើ​ឃាត​ចុង​ក្រោយ​គេ គឺ​លោក ហង្ស សិរីឧត្តម កាសែត «វរជន​ខ្មែរ» នៅ​ខេត្ត​រតនគិរី ដែល​មាន​ជន​សង្ស័យ ២​នាក់​កំពុង​ជាប់​ឃុំ។
តើ​កម្ពុជា អាច​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​បាន ឬ​ទេ?
វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា ទំនង​ជា​មិន​អាច​លុប​បំបាត់​បាន​ទេ ដរាប​ណា​ប្រទេស​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របៀប​ដូច​សព្វថ្ងៃ​នេះ។ ការ​លុប​បំបាត់​និទ្ទណ្ឌភាព​ទាមទារ​ឲ្យ​កម្ពុជា មាន​តុលាការ​រឹងមាំ ស្អាតស្អំ និង​ឯករាជ្យ។ ប៉ុន្តែ​បើ​យើង​ពិនិត្យ​មើល​ស្ថានភាព​កម្ពុជា បច្ចុប្បន្ន ទំនង​ទៅ​មិន​រួច​ទេ។

មូលហេតុ៖

-ទី​១ មិន​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា មេដឹកនាំ​កម្ពុជា មាន​បំណង​ស៊ើប​អង្កេត​សំណុំ​រឿង​ឃាតកម្ម​ទាំង​ឡាយ​ដែល​កើត​ឡើង​កន្លង​មក ដើម្បី​វែក​មុខ​ឃាតក រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ និង​លើក​កម្ពស់​នីតិរដ្ឋ​ឡើយ។

-ទី​២ គណបក្ស​ប្រជាជន​ដែល​ជា​បក្ស​កាន់​អំណាច គ្រប់គ្រង​គ្រប់​ស្ថាប័ន​រដ្ឋ​ធំៗ​ទាំង​អស់ ទំនង​ជា​មិន​ចង់​ឲ្យ​តុលាការ​រឹង​មាំ និង​ឯករាជ្យ​នោះ​ទេ។ ស្ថាប័ន​រដ្ឋ​កំពូលៗ​ដែល​គប្បី​ត្រូវ​ឯករាជ្យ និង​អព្យាក្រឹត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ចូល​សមាសភាព​របស់​ខ្លួន​ទៅ​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព។ ស្ថាប័ន​ទាំង​នោះ​រួម​មាន ស្ថាប័ន​នគរបាល យោធា ក្រុមប្រឹក្សា​ធម្មនុញ្ញ ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម តុលាការ​ទាំង​បី​ជាន់​ថ្នាក់ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។

-ទី​៣ រូបភាព​ខាង​ក្រៅ​គេ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​កំពុង​យក​ចិត្ត​ទុក​ដាក់​ចង់​ឲ្យ​តុលាការ​ឯករាជ្យ រឹង​មាំ និង​មិន​ពុករលួយ។ ប៉ុន្តែ​បើ​គេ​ពិនិត្យ​ស៊ី​ជម្រៅ គេ​នឹង​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ឆ្លៀត​ឱកាស​នៅ​ពេល​ដែល​តុលាការ​កំពុង​ទន់​ខ្សោយ និង​ពុករលួយ បញ្ជ្រាប​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ក្នុង​ស្ថាប័ន​តុលាការ ដែល​ជា​ការ​ផ្ទុយ​នឹង​គោលការណ៍​បែង​ចែក​អំណាច​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។
ឧទាហរណ៍៖ យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៦ លូក​ដៃ​ចូល​កិច្ចការ​តុលាការ ដក​ហូត ផ្លាស់ប្តូរ និង​ព្យួរ​ចៅក្រម និង​ព្រះរាជអាជ្ញា​ជិត ១០​នាក់ ធ្វើ​ឲ្យ​មន្ត្រី​តុលាការ​រអ៊ូរទាំ​ផង និង​ភ័យ​បាក់​ស្បាត​ផង។ បន្ទាប់​មក​ទៀត ដើម្បី​មាន​ឥទ្ធិពល​ទៅ​លើ​តុលាការ​កាន់​តែ​ច្រើន ហើយ​មើល​ទៅ​ស្រប​ច្បាប់​ទៀត​នោះ រដ្ឋាភិបាល​បាន​បង្កើត «ក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌» ដោយ​បាន​តែងតាំង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​កាន់​មុខ​តំណែង​ធំៗ​ជា​ច្រើន ហើយ​មាន​ឥទ្ធិពល​លើ​តុលាការ​ស្រាប់​នោះ ជា​សហ​ប្រធាន​ជាមួយ​លោក ឌិត មុន្ទី ដែល​ជា​ប្រធាន​តុលាការ​កំពូល និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា។ យោង​តាម​រដ្ឋធម្មនុញ្ញ មាន​តែ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​មាន​ព្រះមហាក្សត្រ​ជា​ ប្រធាន មាន​ភារកិច្ច​កែ​លម្អ និង​ពង្រឹង​ប្រព័ន្ធ​តុលាការ។

-ទី​៤ ដើម្បី​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព ចាំបាច់​ណាស់​ត្រូវ​មាន​ប្រព័ន្ធ​យុត្តិធម៌ ក្នុង​នោះ​មាន​ចៅក្រម ព្រះរាជអាជ្ញា នគរបាល​យុត្តិធម៌​ជាដើម ដែល​ស្អាតស្អំ រឹងមាំ និង​ឯករាជ្យ។ សម្រាប់​មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន ការ​អនុញ្ញាត​ឲ្យ​តុលាការ​រឹងមាំ និង​ឯករាជ្យ គឺ​ស្មើ​នឹង​ការ​នាំ​គ្រោះ​កាច​មក​ដាក់​ខ្លួន។ ប្រសិន​បើ​តុលាការ​ឯករាជ្យ រឹងមាំ និង​មិន​លំអៀង សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ធំៗ​ដែល​កើត​ឡើង​កន្លង​មក ដែល​តុលាការ​បច្ចុប្បន្ន​មិន​ហ៊ាន​ហើប​មាត់ បើក​ការ​ស៊ើប​អង្កេត​នោះ អាច​នឹង​ត្រូវ​សើរើ​យក​មក​ជម្រះ​បញ្ជី។
សំណុំ​រឿង​ក្ដី​កប់​ចោល​ទាំង​នោះ រួម​មាន៖ ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន ឃាតកម្ម​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ ឧក្រិដ្ឋកម្ម​ស្លាប់​រង្គាល​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​មុខ​រដ្ឋ​ សភា​ចាស់ ឧក្រិដ្ឋកម្ម​សម្លាប់​ឈ្លើយ​សឹក​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​ ១៩៩៧ ឃាតកម្ម​លើ​ប្រធាន​សហជីព​លោក ជា វិជ្ជា ឃាតកម្ម​លើ​តារា​ភាពយន្ត ពិសិដ្ឋ ពីលិកា ឃាតកម្ម​លើ​ម្ដាយ​តារា​ចម្រៀង ទូច ស្រីនិច និង​ឃាតកម្ម​លើ​សកម្មជន​ការពារ​ធនធាន​ធម្មជាតិ ឈុត វុទ្ធី ជាដើម។
មូលហេតុ​មួយ​ទៀត​ដែល​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​អាច​លុបបំបាត់​បាន ​នោះ គឺ​ថា អ្នក​នយោបាយ​ណា​ដែល​មិន​ចង់​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​យុត្តិធម៌ ដូច្នេះ​ហើយ​ទើប​ប្រទេស​នីមួយៗ រួម​ទាំង​កម្ពុជា​ផង ធ្វើ​ច្បាប់​មិន​ឲ្យ​មន្ត្រី​ខាង​រដ្ឋាភិបាល និង​រដ្ឋ​សភា​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ។
កម្រ​មាន​គណបក្ស​ណា​មួយ នាយករដ្ឋមន្ត្រី​ណា​មួយ ឬ​ប្រធានាធិបតី​ណា​មួយ​ដែល​មិន​ចង់​អត់​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​តុលាការ ​នោះ​ទេ ជា​ពិសេស​ពេល​បាន​ក្ដាប់​ណែន​នៅ​ក្នុង​ដៃ​ហើយ​នោះ ពិត​ជា​មិន​ចង់​ឲ្យ​របូត​ចេញ​ទៅ​វិញ​ទេ ពីព្រោះ​ពេល​បាន​ក្ដោបក្ដាប់​តុលាការ គឺ​ស្មើ​នឹង​មាន​បាន​ប័ណ្ណ​ធានា​រ៉ាប់រង​ជីវិត។ តុលាការ​អាច​ជា​ឧបករណ៍​នយោបាយ​ដ៏​មុត​ស្រួច​សម្រាប់​រក្សា​អំណាច និង​សម្រាប់​បំបាក់​ស្មារតី​គូប្រឆាំង​របស់​ខ្លួន។
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង រហូត​មក​ដល់​ពេល​នេះ​បាន​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍ ទាំង​បើក​ចំហ​ផង និង​ទាំង​លាក់លៀម​ផង​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​យក​ឈ្នះ​គូប្រជែង​នយោបាយ និង​ក្រុម​អ្នក​រិះគន់។ ដូច្នេះ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បញ្ជ្រាប​សមាជិក​ខ្លួន​ទៅ​គ្រប់​ជាន់​ថ្នាក់​នៃ​តុលាការ​កម្ពុជា​ ហើយ​នោះ ការ​ជួយ​ពង្រឹង​ដោយ​ចិត្ត​ស្មោះ​ស ដើម្បី​ឲ្យ​តុលាការ​រឹងមាំ និង​ឯករាជ្យ​នោះ មិន​ត្រឹម​តែ​នាំ​ឲ្យ​ខាត​បង់​ប្រយោជន៍​បក្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​នាំ​គ្រោះ​កាច​ចង្រៃ​ដល់​មន្ត្រី​បក្ស​ដែល​ជាប់​សង្ស័យ​ ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នានា​ថែម​ទៀត​ផង។ ដូច្នេះ​ការ​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​ទំនង​ជា​មិន​ងាយ​ទេ​នៅ​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ។
ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​លុប​បំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា មិន​មែន​ថា មិន​អាច​ធ្វើ​ទៅ​មិន​បាន​សោះ​នោះ​ទេ។ បញ្ហា​សំខាន់​វា​ស្ថិត​លើ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ថា​តើ​សុខ​ចិត្ត​លះបង់​ប្រយោជន៍​បក្ស​ដោយ​កាត់​សាច់​ដែល​ស្អុយៗ​ចោល​ខ្លះ ហើយ​ងាក​មក​ជួយ​ជ្រោមជ្រែង​ដោយ​ចិត្ត​ស្មោះ​ស​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​ នៅ​កម្ពុជា រឹង​មាំ ឯករាជ្យ និង​មិន​លំអៀង ដើម្បី​អនាគត​ល្អ​របស់​សង្គម​កម្ពុជា ទាំង​មូល ឬ​យ៉ាង​ណា?
ផ្ទុយ​ទៅ​វិញ ដរាប​ណា​តុលាការ​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម​គំនាប​នយោបាយ​ងើប​មុខ​មិន​រួច​ដូច​ពេល​បច្ចុប្បន្ន​នេះ វប្បធម៌​និទ្ទណ្ឌភាព ឬ​ការ​មិន​អាច​នាំ​ខ្លួន​ជនល្មើស​ច្បាប់​មក​វិនិច្ឆ័យ​ទោស នឹង​នៅ​តែ​បន្ត​ញាំញី​នៅ​ក្នុង​សង្គម​កម្ពុជា ត​ទៅ​មុខ​ទៀត៕

Enregistrer un commentaire